លោកគឹម វូឈុងដែលជាប្រធានស្ថាបនិកនៃបណ្តុំសហគ្រាស ឌេវូ បាននិពន្ឋរឿងនេះឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់លោក ចំពោះយុវជនកូរ៉េ និងយុវជនក្នុងពិភពលោកទាំងមូល។ សៀវភៅ សហគ្រិនចំណាន ឬគ្រប់មាគ៌ាសុទ្ឋតែក្រាលមាសបង្ហាញអំពីការត្រិះរិះពិចារណាទៅលើ ព្រឹត្តិការណ៍បច្ចុប្បន្នដែលមានជាអាទិ៍ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍នៃការសិក្សាការងារ និងមុខតំណែងរបស់ស្រី្តក្នុងសង្គមជាតិ។ល។ ម៉្យាងទៀត សៀវភៅនេះក៏បង្ហាញផងដែរអំពីរបៀបចាត់ចែងគ្រប់គ្រងប្រកបដោយលក្ខណៈ ថ្មីទាំងស្រុងតែមានប្រសិទ្ឋភាព។
ប្រាកដណាស់ថា សៀវភៅនេះតម្រូវជាបឋមចំពោះយុវជនកូរ៉េ ប៉ុន្តែលោកគឹម វូឈុងយល់ថា ទោះជា នៅក្នុងប្រទេសណា ឬកំពស់វឌ្ឍនភាពខុសគ្នាក្នុង ប្រទេសនីមួយៗក្តីយុវជនណាក៏ត្រូវការដំបូន្មានត្រូវការគេជួយណែនាំ ផ្លូវដែរ។ គេត្រូវការភាពស្វាហាប់ និងថាមពលដើម្បីប្រឈមមុខតតាំងនឹងស្ថានភាពអាថ៌កំបាំងក្នុងការស្វែង រកជើងមេឃថ្មី។ យុវជនត្រូវការថែមទៀតនូវសេចក្តីសង្ឃឹម និងគម្រោងការសម្រាប់អនាគត។ រឹតតែសំខាន់ជាងនេះទៅទៀត យុវជនមានចំណង់នឹងពង្រីកទស្សនៈដ៏មានផលប្រយោជន៍ក្នុងករណីទទួលខុស ត្រូវដើម្បីធ្វើឲ្យមានអនាគត និងឲ្យពិភពលោកល្អប្រសើរ។ ពុំមានអ្វីដែលធ្វើពុំបាននោះទេ កាលណាបើ គេទុកចិត្ត តាំងចិត្ត និងជឿជាក់។ កាលណាអ្នកមានការទុកចិត្ត និងមានគំនិតប្រាកដនិយមនោះ គ្មានអ្វីជំទាស់ជាឧបសគ្គឡើយ។ មានឱកាសច្រើនណាស់ដែលលាក់ខ្លួនបំពួនអាត្មារង់ចាំឲ្យអ្នករកឃើញ ប៉ុណ្ណោះ។
យ៉ាងណាមិញ ជីវិតបើកទា្វរចំពោះ៖
- ជនណាដែលមានគំនិតប្រាកដនិយម
- ជនណាដែលមានការទុកចិត្ត និងជំនឿ
- ជនណាដែលចេះជំនះឆាកជីវិតយ៉ាងស្វាហាប់។
លោក គឹម វូឈុងមានដើមកំណើតក្រីក្រគ្មានទ្រព្យទេ ប៉ុន្តែ លោកមានការស្រមៃ មានគំនិតគិតគូរ មានការតាំងចិត្តយ៉ាងមោះមុតដោយជឿជាក់ គួបផ្សំ និងគំនិតសុទិដ្ឋនិយម។ល។ លោកក៏បានក្លាយទៅជាសហគ្រិនចំណានមួយរូបនៃប្រទេសកូរ៉េខាងត្បូង។ សៀវភៅរបស់លោកជាមេរៀនជីវិតដ៏ល្អពិតៗដែលលោកគឹម ខូវនី អតីតសាស្ត្រាចារ្យនៃមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញបានពេញចិត្តប្រែសម្រួលជាភាសាខ្មែរ បន្ទាប់ពីសៀវភៅនេះបានប្រែជាភាសាអន្តរជាតិរួចទៅហើយ។
សូមចុចដើម្បីស្តាប់៖
ការពិភាក្សា
មិនទាន់មានមតិ។