//
you're reading...
ច្បាប់ពាណិជ្ជកម្ម, ធុរកិច្ច, មតិយោបល់, សេដ្ឋកិច្ច

ផ្សារ​មូលបត្រ​កម្ពុជា​ចាប់​កំណើត​ ប៉ុន្តែ​ការ​យល់​ដឹង​របស់​សាធារណជន​មាន​កម្រិត​ទាប​នៅ​ឡើ​យ

ភ្នំពេញៈ  ១១​ កក្កដា​គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​សម្រាប់​ដំណើរ​ការ​ វិវត្ត​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​​។ ​ កម្ពុជា​​ជា​ប្រទេស​ក្រីក្រ​​ក្នុង​​តំបន់​ដែល​បាន​បើក​ផ្សារ​មូល​បត្រ លើក​ដំបូង​បន្ទាប់​ពី​ប្រទេស​ឡាវ​។ ប៉ុន្តែ​ការ​ចាប់​ផ្តើម​ផ្សារ​មូល​បត្រ​ពេល​នេះ​គ្រាន់​តែ​ជា​ការ ប្រាប់​សាធារណ​ជន​អំពី​ការ​ចាប់​កំណើត​​ផ្សារ​មូល​បត្រ​កម្ពុជា​ប៉ុណ្ណោះ​។

ស្រប​ពេល​ដែល​អ្នក​សេដ្ឋកិច្ច​ មន្ត្រី​​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ការ​​បើក​ផ្សារ​មូលបត្រ​​ជា​សញ្ញា​ វិជ្ជ​​មាន​សម្រាប់​ទីផ្សារ​ហិរញ្ញ​វត្ថុ និង​​ជា​កក្តាលីករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ពល​រដ្ឋ​កម្ពុជា​មិន​សូវ​​ដឹង​ពី​ផ្សារ​មូលបត្រ​​នេះ​ទេ​។

អាយុ​២៤ ឆ្នាំ ​វាសនា​ជា​និស្សិត​​ឆ្នាំ​ទី​បួន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​​រាជ​ធានី​ ភ្នំពេញ​​បាន​​​និយាយ​​ថា ​មិន​​ត្រឹម​តែ​រូប​​គាត់​​ទេ​ដែល​​មិន​សូវ​ដឹង​ពី​បញ្ហា​នេះ​ ប៉ុន្តែ​​ប្រជា​ជន​កម្ពុជា​ភាគ​ច្រើន​ក៏​ដូច្នេះ​​ដែរ​។

វាសនា​លើក​ឡើង​ថា​៖​ «ខ្ញុំ​គិត​ថា​​ ប្រជា​ជន​យើង​ភាគ​​ច្រើន​មិន​បាន​ដឹង​ពី​អ្វី​ទៅ​ជា​ផ្សារ​ហ៊ុន​នោះ​ទេ ​តាម​គំនិត​របស់​ខ្ញុំ ​គេ​គួរ​តែ​ផ្សព្វ​​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​ឲ្យ​ពួក​គាត់​​យល់​ ពីផ្សារ​ហ៊ុន​ និងពី​ផល​ប្រយោជន៍​របស់​វា​​»​​។

ផ្សារ​មូលបត្រ​ជា​គំនិត​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា។​ កន្លង​មក​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំពី​ផ្សារ​មូលបត្រ​​ ជា​ពិសេស​តាម​រយៈ​​សេចក្តី​រាយ​ការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​។

វាសនា​ និយាយ​ថា ​រូប​គេ​បាន​ដឹង​​ដែរ​តែ​មិន​សូវ​ជា​ទូលំ​ទូលាយ ​ហើយ​ភាគ​ច្រើន​បាន​ដឹង​តាម​ភាព​​យន្ត​បរទេស​​។ ​និស្សិត​រូប​នេះ​បន្ត​ថា​៖​ «​ភាគ​ច្រើន​ខ្ញុំ​បាន​ដឹង​​អំពី​ផ្សារ​ហ៊ុន​តាម​ភាព​យន្ត​ហុង​កុង ​ដែល​គេ​តែង​តែ​និយាយ​​ពី​​ផ្សារ​ហ៊ុន​។ ​ខ្ញុំ​ដឹង​ថា​ការ​លេង​ភាគ​​ហ៊ុន​ជា​ការ​ទិញ​លក់​ភាគ​ហ៊ុន​ បើ​​ភាគ​ហ៊ុន​ធ្លាក់​​ចុះ​គេ​នាំ​គ្នា​​ទិញ បើ​ឡើង​គេ​លក់​វា​ចេញ​»​។

ទោះ​យ៉ាង​ណា ​វាសនា​ ​បាន​សាទ​រនឹង​ការ​បើក​ផ្សារ​ហ៊ុន​ថ្មី​របស់​​កម្ពុជា​នេះ ​ហើយ​ថា​ នេះ​បង្ហាញ​​ពីការ​រីក​ចម្រើន​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស។

ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ផ្សារ​​ហ៊ុន ​និង​ជំនាញ​ក្នុង​កិច្ច​ការ​​ផ្សារ​ហ៊ុន ​វិទ្យា​ស្ថាន​​ហិរញ្ញ​វត្ថុ​កម្ពុជា​(​FIC)​ត្រូវ​​​បង្កើត​ឡើង​​ក្រោម​​ ការ​ជួយ​ឧបត្តម្ភ​បច្ចេក​ទេស ​និង​ចំណេះ​ដឹង​ពី​វិទ្យា​ស្ថាន​មូល​បត្រ​ហុង​កុង​។

លោក ​ស៊ន ​សុខ​ណា ​នាយក​វិទ្យា​ស្ថាន​ឲ្យ​ដឹង​ថា​ វិទ្យា​ស្ថាន​នេះ​បើក​ដំណើរ​ការ​នៅ​ចុង​២០១០​ ហើយ​ថា ​ភាគ​ច្រើន​សិក្ខា​​កាម​ក្នុង​​វគ្គ​​បណ្តុះ​បណ្តាល​នេះ​មក​ពី​ស្ថាប័ន ​ក្រុម​ហ៊ុន​ឯក​ជន​ និង​មន្ត្រី​​ពី​ស្ថាប័ន​រដ្ឋាភិ​បាល​។

លោក​បន្ត​ថា​ ពេល​ចាប់​ផ្តើម​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ឡើយ​​៖​​«​ដំបូង​ពុំមាន​ អ្នក​ចាប់​អាម្មណ៍​ នឹង​វគ្គ​បណ្តុះ​បណ្តាល​នេះ​ទេ​ ប៉ុន្តែ​ក្រោយ​មក​មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​​នឹង​ផ្សារ​មូល​បត្រ​ ពី​ព្រោះ​ពួក​គេ​ចង់​ដឹង​អ្វីទៅ​ជា​ផ្សារ​មូលបត្រ​ ​ពួក​គេ​ចង់​សម្លឹង​​ឱកាស​ការ​ងារ​ក្នុង​វិស័យ​ដ៏​ថ្មី​នេះ​»​។ ​លោក ​បន្ថែម​ថា​វិទ្យាស្ថាន​ក៏​កំពុង​បណ្តុះ​បណ្តាល​សាស្ត្រាចារ្យ​ផង​ដែរ ដើម្បី​ចែក​រំលែក​ចំណេះ​នេះ​បន្ត​​។

គុណ​ គួរ​ចេត​នា ​ជា​អ្នក​សារ​ព័ត៌​មាន​ម្នាក់​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ដែល​បាន​ចូល​វគ្គ​បណ្តុះ​បណ្តាល​ពី​​ផ្សារ​​ហ៊ុន​​បាន​​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​មាន​ការ​លំបាក ​ព្រោះ​​នេះ​ជា​មុខ​វិជ្ជា​ថ្មី​សម្រាប់​ពល​រដ្ឋ​កម្ពុជា​ដូច​ជា​រូប​គាត់។

ចេតនា​បន្ថែម​ថា​៖ «​ពេល​ខ្ញុំ​ចាប់​ផ្តើម​ដំបូង​ ខ្ញុំ​មាន​អាម្មណ៍​ថា​ប្លែក​ព្រោះ​ជា​រឿង​ថ្មី​សម្រាប់​ខ្ញុំ​។ ​ដំបូង​ខ្ញុំ​មិន​យល់​អី្វ​ទៅ​ជា​ផ្សារ​ហ៊ុន ​និង​អ្វី​​ជា​មូល​បត្រ​បំណុល​ទេ ​ប៉ុន្តែ​បន្ទាប់​ពី​បាន​​ចូល​វគ្គ​នេះ​មក​​ខ្ញុំ​យល់​អស់​ហើយ​​»។

ផ្សារ​មូលបត្រ​កម្ពុជា​ត្រូវ​បាន​ពន្យា​រពេល​ពីរ​លើក​​ហើយ ​មុន​​នឹង​ឈាន​ដល់​ការ​សម្រេច​ចុង​ក្រោយ​​នេះ​​។​ ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ ​ដោយ​រង់​ចាំ​រហូត​ចុង​ឆ្នាំ​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ផ្សារ​មូល​បត្រ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា លោក ​គាត ​ឈន់ ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​​ហិរញ្ញ​វត្ថុ ​មាន​ប្រសាសន៍​ថា ​ការ​បើក​ផ្សារ​មូល​បត្រ​ពេល​នេះ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ក្នុង​ វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ​និង​សេដ្ឋ​កិច្ច​ជាតិ​ទាំង​​មូល​។ ​លោក​​បន្ត​ថា​៖ ​«​នេះ​បង្ហាញ​​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុង​ឈាន​ចូល​ដល់​ដំណា​ក់​កាល​ថ្មី​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ ហរិញ្ញ​​វត្ថុ ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញ​​វត្ថុ ២០០៦​-​២០​១៥​​»​។

មក​ដល់​ពេល​នេះ​មាន​តែ​សហ​គ្រាស​​រដ្ឋ​ចំនួន​បី​ប៉ុណ្ណោះ​​ដែល​អនុញ្ញត​ឲ្យ​ចុះ​បញ្ចី​នៅ​ក្នុង​ផ្សារ​ហ៊ុន។

អ្នក​សេដ្ឋ​កិច្ច​បាន​និយាយ​ថា ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ផ្សារ​មូលបត្រ​​ជា​សញ្ញា​វិជ្ជ​មាន​សម្រាប់​សេដ្ឋ​កចិ្ច​កម្ពុជា​។

លោក ​កង ​ច័ន្ទ​តារារ័ត្ន ​សាស្ត្រា​ចារ្យ​សេដ្ឋ​កិច្ច​នៃ​សាកល​វិទ្យាល័យ​ពុទ្ធ​សាស្ត្រា ​និង​ជា​ប្រធាន​ វិទ្យា​​ស្ថាន​កម្ពុជា​ដើម្បី​សិក្សា​អភិវឌ្ឍន៍​​បាន​ឲ្យ​ដឹង​ថា​៖ ​«​ការ​បង្កើត​ផ្សារ​ហ៊ុន​ជា​សញ្ញា​វិជ្ជ​មាន​ ក្នុង​ការ​​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ព្រោះ​តាម​រយៈ​ផ្សារ​ហ៊ុន ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធ​ភាព​ប្រមែ​ប្រមូល​ទុន​មក​ដាក់​ក្នុង​សកម្ម ភាព​សេដ្ឋ​កិច្ច​ ទាក់​ទាញ​ទុន​បរទេស​មក​ក្នុង​ប្រទេស​និង​ទប់​ស្កាត់​ការ​ហូរ​ចេញ​ទុន​ពី​ កម្ពុជា​ទៅ​ក្រៅ​ផង​ដែរ​»​។

ទោះ​បី​យ៉ាង​ណា​ក្តី លោក ​កង ​ច័ន្ទ​​តារារ័ត្ន​ ថ្លែង​ថា​ ការ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ចំពោះ​ផ្សារ​មូលបត្រ​​ក៏​ជា​រឿង​ ​សំខាន់​មួយ​ដែរ​។ ​លោក​បន្ថែម​ថា​៖​ «​យើង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​វិស័យ​សាធារណៈ ​និង ​ឯក​ជន​។ ​ការ​យល់​ដឹង​របស់​​សាធារណ​ជន​ក៏​នៅ​ទាប​។ ​យើង​​ត្រូវ​ការ​នីតិវិធី​ដ៏​យូ​រអង្វែង​ទៀត​ដើម្បី​លើក​កម្ពស់​ការ​​យល់​ ដឹង​ជា​សាធារណៈ​ ដើម្បី​ឲ្យ​ដំណើរ​ការ​ផ្សារ​​ហ៊ុន​ស្ថិត​នៅ​ក្រោម​យន្ត​ការ​លើក​កម្ពស់​ កំណើន​សេដ្ឋ​កិច្ច​»​ កញ្ញា ​សុភក្តី ​ជា​និស្សិត​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា ​គេ​មិន​បាន​​ដឹង​ថា​ អ្វី​ទៅ​ជា​ផ្សារ​ហ៊ុន​នោះ​ទេ។ សុភក្តី​និយាយ​ថា​រូប​គេ​​ក៏​ចង់​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ផ្សារ​​ហ៊ុន​ផង​ ដែរ​៖ ​«​ខ្ញុំ​គិត​ថា​បើ​ប្រទេស​ខ្មែរ​យើង​បើក​ផ្សារ​ហ៊ុន​ ប្រជា​ជន​គួរ​តែ​បាន​យល់​ពីវា ​ដូច្នេះ​​ពួក​គេ​អាច​ដឹង​ពី​គុណ​វិបត្តិ ​និង​គុណ​​ប្រយោជន៍​វា​»​៕

ប្រភព៖

ការពិភាក្សា

3 ចំលើយ ទៅ “ផ្សារ​មូលបត្រ​កម្ពុជា​ចាប់​កំណើត​ ប៉ុន្តែ​ការ​យល់​ដឹង​របស់​សាធារណជន​មាន​កម្រិត​ទាប​នៅ​ឡើ​យ”

  1. http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=61528:2011-07-11-23-08-13&catid=83:cambodia-securities-exchange&Itemid=259
    សាធារណ​ជន យល់​ដឹង​តិច​តួច​អំពី​ផ្សារ​ភាគ​ហ៊ុន
    ភ្នំពេញ : ខណៈ​ពេល​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​វិនិយោគិន អបអរ​សាទរ​ដល់​ការ​បើក​ដាក់​ឲ្យ​ដំណើរការ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នូវ​ ទីផ្សារ​ភាគ​ហ៊ុន​របស់​កម្ពុជា​នោះ ប្រតិកម្ម​នៅ​តាម​ដង​ផ្លូវ​​បាន​បង្ហាញ​ថា វា​អាច​ចំណា​យ​​ពេល​វេលា​ខ្លះ​មុន​នឹង​ប្រជា​ពល​រដ្ឋ​​ក្នុង​ស្រុក​ ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចូល​ទិញ​ និង​លក់​នៅ​ក្នុង​ទី​ផ្សារ​​នេះ​។

    សុវណ្ណ រ័ត្ន ដែល​ប្រកប​អាជីវ​កម្ម​តូច​មួយ​នៅ​ជិត​អគារ​កាណា​ឌីយ៉ា ជា​ទី​ដែល​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា (CSX)​ ស្ថិត​នៅ​ខាង​ក្នុង​នោះ​ បាន​ថ្លែង​ថា គាត់​បាន​ឮ​​ការ​ចាក​ផ្សាយ​ពី​ផ្សារ​​ភាគ​ហ៊ុន​នៅ​តាម​វិទ្យុ​និង​ទូរ​ទស្ស​ ន៍​។

    នាង​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ការ​បើក​ផ្សារ​ភាគ​ហ៊ុន​នេះ គឺ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​​តែ​ខ្លាំង​ក្លា​ឡើង ហើយ​ថា វា​​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សេដ្ឋកិច្ចជាតិ​។

    សុវណ្ណ រ័ត្ន ​បាន​ប្រាប់​ថា​៖ «ប្រទេស​​ជា​ច្រើន​នៅ​លើ​ពិភព​លោក សុទ្ធ​តែ​មាន​ទីផ្សារ​ភាគ​ហ៊ុន ដូច្នេះ​ ប្រសិន​បើ​កម្ពុជា​អាច​​ដើរ​តាម​ប្រទេស​ទាំង​នោះ វា​ល្អ​ណាស់។ វា​ក៏​ជួយ​ផង​ដែរ​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា»។ លោក​​បាន​ឲ្យ​ដឹង​ថា លោក​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​វិនិយោគ ប៉ុន្តែ ខ្វះ​មូលនិធិ​ដើម្បី​ធ្វើ​ដូច្នេះ​។

    មនុស្ស​មួយ​ចំនួន​និយាយ​ថា ពួកគេ​ដឹង​ពី​ទីផ្សារ​ភាគ​ហ៊ុន ប៉ុន្តែ មិន​យល់​ថា តើ​វា​មាន​ដំណើរការ​ ឬ​អាច​ប៉ះ​ពាល់​ពួក​គេ​ដោយ​របៀប​ណា​នោះ​ឡើយ។

    ទីវ សុជាវ ម្ចាស់​ហាង​មួយ​រូប​ទៀត​នៅ​ជិត​អគារ​កាណា​ឌីយ៉ា ថ្លែង​​ថា៖ «ខ្ញុំ​ដឹង​ពី​ផ្សារ​ភាគ​ហ៊ុន​នេះ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ធ្វើ​អ្វី​ឡើយ ហើយ​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​វា​មាន​​សារៈសំខាន់​នោះ​ឡើយ»។

    ម៉ុក ផល្លា អ្នក​បើក​បរ​ម៉ូតូ​កង់​បី​នៅ​ជិត​មាត់​ទន្លេ បាន​និយាយ​ថា គាត់​ក៏​មិន​យល់​ដែរ​អំពី​ទីផ្សារ​ភាគ​ហ៊ុន បើ​ទោះ​បី​ជា​គាត់​បាន​តាម​ដាន​ការ​ចាប់​ផ្តើម​ដំណើរ​ការ​របស់​វា​ក្តី។ គាត់​និយាយ​ថា​៖ «ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ​ជា​យូរ​មក​ហើយ តាម​រយៈ​អាន​កាសែត ប៉ុន្តែ ខ្ញុំ​មិន​យល់​ថា​ វា​ជា​អ្វី​នោះ​ឡើយ»។

    មនុស្ស​ដទៃ​ទៀត​និយាយ​ថា ផ្សារ​ភាគ​ហ៊ុន នឹង​គ្រាន់​តែ​ច្រក​មួយ​ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ។

    រដ្ឋា ដែល​មាន​តូប​លក់​ដូរ​មួយ និង​លក់​ខោ​អាវ​នៅ​ផ្សារ​ធំ​ថ្មី បាន​និយាយ​ថា​៖ «វា​មាន​សារៈ​សំខាន់​សម្រាប់​មនុស្ស ដែល​មាន​ប្រាក់​ច្រើន ប៉ុន្តែ ខ្ញុំ​ធ្វើ​អាជីវ​កម្ម​​តូច​តាច​បែប​នេះ​ហើយ​ខ្ញុំ​គ្មាន​​ប្រាក់​ឯ​ណា​ទៅ​ វិនិយោគ​ទេ។ ដូច្នេះ​វា​មិន​សំខាន់​ចំពោះ​ខ្ញុំ​ទេ»​។

    ឡាវ សុភ័ណ្ឌ សន្តិសុខ​ម្នាក់​នៅ​ Blue Pumpkin នៅ​ជិត​មាត់​ទន្លេ បាន​ថ្លែង​ដូច​គ្នា​នេះ​ដែរ។ កាត់ថា​៖ «វា​ល្អ​សម្រាប់​អ្នក​មាន​ ប៉ុន្តែ​មិន​ល្អ​សម្រាប់​អ្នក​ក្រ​ទេ ព្រោះ​អ្នក​ក្រ​អត់​លុយ​ទៅ​ទិញ​វា​ទេ»។

    ទោះ​បី​ជា​ ផ្សារ​មូល​បត្រ​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក៏​ដោយ ការ​ទិញ​លក់​មូល​បត្រ​ មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នោះ​ឡើយ​រហូត​ដល់​ដំណាច់​ឆ្នាំ​ នេះ៕

    Posted by ម៉ូត​ ផល្លា | 14 ខែកក្កដា 2011, 3:52 ល្ងាច
  2. http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=61530:2011-07-11-23-17-13&catid=83:cambodia-securities-exchange&Itemid=259

    Posted by ម៉ូត​ ផល្លា | 14 ខែកក្កដា 2011, 3:52 ល្ងាច
  3. http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=61531:2011-07-11-23-22-30&catid=83:cambodia-securities-exchange&Itemid=259

    ផ្សារ​មូលបត្រ​កម្ពុជា​កំពុង​សម្លឹង​មើល​បទ​ពិសោធ​ពី​អ្នក​ជិត​ខាង​របស់​ខ្លួន
    ភ្នំពេញ: ជា​មួយ​នឹង​​​ការ​មក​ដល់​តាម​ការ​រំ​ពឹង​ទុក​​នៃ​ផ្សារ​មូល​បត្រ​កម្ពុជា​ជា ​លើក​ទី​មួយ​កាល​ពី​ម្សិលមិញ ក្រុម​អ្នក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​សម្លឹង​មើល​ទៅ​ប្រទេស​ជិត​ ខាង​​​ដើម្បីស្វែង​រក​គំរូ​ស័ក្តិសម​បំផុត​ដើម្បី​​​យក​គំរូតាម​។

    ផ្សារ​​មូល​បត្រ​​ក្នុង​តំបន់​​​ទាំង​ក្នុង​ប្រទេស​ឡាវ​ និង​ទាំង​ក្នុង​ប្រទស​វៀត​ណាម ​ត្រូវ​បាន​លើក​ឡើង​ជា​ ​លក្ខណៈ​ប្រៀប​ធៀប​ដោយ​អ្នក​វិនិយោគ​ក្នុង​តំបន់​។

    ផ្សារ​មូល​បត្រ​ទីក្រុង​ ហូ ជីមិញ របស់​ប្រទេស​វៀត​ណាម ​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០០ ហើយ​កាល​ពី​ដំបូង​មាន​ក្រុម​ហ៊ុន​ចេញ​លក់​មូល​បត្រ​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ​។ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​មុន ក្រុម​ហ៊ុន​សរុប​ចំនួន​២៤៧ ត្រូវ​បាន​ចុះ​បញ្ជី​។

    នាយក​ក្រុម​ហ៊ុនមូល​បត្រ VinaSecurities Adrian Cundy បាន​ថ្លែង​កាល​ពីម្សិលមិញ​ថា​៖ «​ជោគ​ជ័យ​​នៃ​ផ្សារ​មូល​បត្រ​​នឹង​ផ្អែក​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​អាច​វិនិយោគ ​បាននិង​តម្លៃ​ភាគ​ហ៊ុន ​មិនមែន​ផ្អែក​លើ​​ចំនួន​ប្រជា​ជន​ឬ​ទំហំ​ប្រទេស​នោះ​ទេ​។ ដូច្នេះ តាម​ពិត​​ដែល​ថា​ វៀត​ណាម​ជា​ប្រទេស​ធំ​ជាង​ ​​ដែល​មាន​ប្រជា​ជន​រហូត​ដល់​ជិត​៩០​លាន​នាក់​ ​មិន​មែន​ជា​បញ្ហា​ចំពោះ​​ឱកាស​​​របស់​ប្រទេស​កម្ពុជា​ក្នុង​​​ការ​ចាប់​ ផ្តើម​ផ្សារ​មូលបត្រ​​ជោគ​ជ័យ​មួយ​នោះ​ទេ​»។ លោក​បាន​បន្ត​ថា៖ «​នោះ​គឺថា​ក្បាល​ម៉ាស៊ីន​នៃ​ការ​លូត​លាស់​​គឺ​​ស្ថិត​នៅ​ក្នុង​សេដ្ឋ​កិច្ច ​​សេរី​»។

    លោក​បាន​បន្ថែម​ថា​ វៀត​ណាម​មាន​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ ក្រុម​ហ៊ុន​អចលន​ទ្រព្យ ​សហគ្រាស​​ខ្នាត​តូច​និង​ខ្នាត​មធ្យម​ជា​​ច្រើន​ ហើយ​ថ្មី​ៗនេះ អ្នក​ប្រើ​ប្រាស់​ជា​អ្នក​ដើរ​តួ​។ នេះ​គឺដោយសារ​តែ​​ភាព​រីក​ចម្រើន​ចេញ​ពី​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​​ដែល​ បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​មួយ​​ប្រាក់​កម្ចី​។ លោក​បន្ត​ថា​៖ «​​វា​ពិបាក​និយាយ​ថា ​តើ​រឿង​នឹង​ទៅ​ជា​យ៉ាង​ដូច​ម្តេច​ក្នុង​ប្រទេស​កម្ពុជា … ​កម្ពុជា​មាន​ឱកាស​ជា​ច្រើន​»។

    Naoto Sumiyoshi ប្រធាន​អ្នក​ស្រាវ​ជ្រាវ​​នៅ​​ក្រុម​ហ៊ុន​វិនិយោគ​ជប៉ុន WorldStock ជឿ​ថា ​​ទោះបី​ជា​វៀត​ណាម​​មាន​ភាព​ពេញ​វ័យ​ដោយ​ជោគ​ជ័យ​​ជា​មួយ​​ផ្សារ​មូល​បត្រ​ មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ ដំណើរ​ដំបូង​គឺ​មិន​​មើល​ទៅ​មិន​មាន​លក្ខណៈ​វិជ្ជ​មាន​ដូច​នេះ​ទេ​។

    លោក​បន្ត​ថា​៖ «​យើង​អាច​រំពឹង​ថា​នឹង​មាន​តម្លៃ​ខ្ពស់​​ដូច​គ្នា​នៅ​ទី​នេះ​»។

    ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន WorldStock ក្នុង​ប្រទេស​វៀត​ណាម​រួម​មាន​វិស័យ​ ធនាគារ ម្ហូប​អាហារ កសិកម្ម ថាម​ពល និង​អចលន​ទ្រព្យ​។ លោក​បាន​បន្ថែម​ថា ស្ថាន​ភាព​ក្នុង​ប្រទេស​ឡាវ គឺ​មិន​ល្អ​ ហើយ​រំពឹង​ថា ក្រុម​ហ៊ុន​ច្រើន​​ទៀត​នឹង​​ចាប់​ផ្តើម​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​មូល​បត្រ​។

    ផ្សារ​មូល​បត្រ​ក្នុង​ប្រទេស​ឡាវ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ខែ​ មករា ឆ្នាំ​២០១១​ហើយ​ ដូច​​ផ្សារ​មូល​បត្រ​កម្ពុជា​​ដែរ គឺ​​បាន​បើក​ដោយ​​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ចុះ​បញ្ជី។ ​ប៉ុន្តែ​រហូត​មក​ដល់​នេះ​មាន​ក្រុម​ហ៊ុន​ពីរ​បាន​ចុះ​បញ្ជី​និង​ប្រតិ បត្តិការ​ គឺ​ Electricite du Laos និង Banque Pour Le Commerce ។

    Martin Desautels ទីប្រឹក្សា​ផ្នែក​ច្បាប់​និង​ពន្ធ​​នៅ​ DFDL Mekong ដែល​មាន​មូល​ដ្ឋាន​នៅ​រាជ​ធានី​ភ្នំ​ពេញ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចាប់​​ផ្តើម​កាល​ពី​ម្សិល​មិញ​ថា​ ឡាវ​គឺ​ជា​គំរូ​ល្អ​ប្រសើរ​មួយ ដែល​តំណាង​នូវ​អ្វី​ដែល​​នឹង​កើត​ឡើង​នៅ​ទី​នេះ​។ លោក​ថ្លែង​ថា៖ «​វា​បាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​នៅ​ក្នុង​ប្រទេស​​ឡាវ​ ហើយ​ព្យាករថា​ នឹង​មាន​ផ្លូវ​មួយ​​ស្រដៀង​គ្នា​នៅ​ទី​នេះ​»។ លោក​បាន​ថ្លែង​​ថា វា​ល្អ​ដែល​ចាប់​ផ្តើម​នៅ​ពេល​ឥឡូវ​នេះ ហើយ​​​ធ្វើ​ឲ្យ​ប្រជា​ជន​ចាប់​អារម្មណ៍​។ «​វា​ជា​សញ្ញា​ចាប់​ផ្តើម​ល្អ​មួយ…​វា​បើក​ចំហ​សម្រាប់​អាជីវ​កម្ម ដូច្នេះ​ប្រជា​ជន​នឹង​ចាប់​ផ្តើម​​រៀប​ចំ​ខ្លួន​»​។

    Desautels បាន​បន្ថែម​ថា​ មាន​​សក្តានុពល​រីក​ចម្រើន​​ច្រើន​​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​នៅ​ប្រទេស​ឡាវ​មាន​ក្រុម​ហ៊ុន​ធំៗ​ជា​ង​។ ដូច្នេះ​ខណៈ​ដែល​កម្ពុជា​អាច​នឹង​​មាន​ក្រុម​ហ៊ុន​ច្រើន​ជាង​ ទំហំ​ទីផ្សារ​នៅ​កម្ពុជា​ទំនង​ជា​​ធំ​ជាង​នៅ​ប្រទេស​ឡាវ​»​។ លោក Han Kyung Tae នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន​មូល​បត្រ​ Tong Yang Securities កម្ពុជា ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ទៅ​សក្តា​នុពល​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ច កម្ពុជា​។

    លោក​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​ឧសភា ឆ្នាំ​នេះ​​ថា៖ «​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ក្មេង​ខ្ចី​នៃ​ការ​អភិវឌ្ឍន៍​របស់​ ខ្លួន។ ទីផ្សារ​គឺ​រីក​ចម្រើន​យ៉ាង​លឿន»​។ ​ការ​ផ្តល់​​ជា​លើក​ទី​មួយ​​នឹង​ការធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ ​​ហើយ​ដែល​ភាគ​ច្រើន​បំផុត​ទំនង​ជា​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​ក្នុង​វិស័យ​ ចម្បង​ៗ​ដូច​ជា វិស័យ​ធនាគារ ទូរគម​នាគមន៍ ​កសិកម្ម សេវា និង​កាត់​ដេរ​។

    លោក​បាន​បន្ត​ថា​៖ «​​ពួក​គេ​នឹង​បន្ត​រក្សា​​ទិសដៅ​ទាក់​ទាញ​សម្រាប់​ក្រុម​អ្នក​វិនិយោគ​បរទេស​»។

    លោក Han​ រំពឹង​ថា ​មាន​ក្រុម​ហ៊ុន​ពី​៥​ទៅ​១០​ក្រុម​ហ៊ុន​​នឹង​​ទទួល​បាន​ការ​ផ្តល់​សិទ្ធិ​ ទទួល​ស្គាល់​​ជា​សាធារណៈ​​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ដំបូង​បន្ទាប់​ពី​ការ ​ចាប់​ផ្តើម​ផ្សារ​មូល​បត្រ​នេះ​ ដោយ​មាន​ក្រុម​ហ៊ុន​កំពូល​ៗ ​ក្នុង​វិស័យ​នី​មួយ​ៗ​​កំពុង​ត្រៀម​ខ្លួន​​ចុះ​បញ្ជី​​ក្នុង​ផ្សារ​​មូល បត្រ​កម្ពុជា​ដំបូង​នេះ​៕ PS

    Posted by ម៉ូត​ ផល្លា | 14 ខែកក្កដា 2011, 3:54 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម

បណ្ណសារ

ស្ថានភាពប្លក

  • 10,861 hits

ប្រក្រតីទិន

ខែកក្កដា 2011
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មិថុនា   តុលា »
 123
45678910
11121314151617
18192021222324
25262728293031
តាមដាន

Get every new post delivered to your Inbox.